ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Mohammad Bagher Qalibaf ប្រធានសភាអ៊ីរ៉ង់ ដែលដឹកនាំក្រុមចរចាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា លោកបានដើរចេញពីកិច្ចចរចា នៅប្រទេសស្វីស បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការគំរាមកំហែង ក្នុងអំឡុងពេលចរចា។

ដោយបាននិយាយអំពីការចរចា ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោក Qalibaf បានបញ្ជាក់ថា អ៊ីរ៉ង់បានចូលរួមកិច្ចចរចា ខណៈពេលដែលរក្សាការជំទាស់របស់ខ្លួន ចំពោះការសន្ទនាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ លោកបាននិយាយថា៖ «យើងមានគោលការណ៍ ហើយរហូតមកដល់ពេលនេះ យើងមិនដែលចង់ក្លាយជាផ្នែកមួយនៃការសន្ទនាដូចគ្នាជាមួយអាមេរិកទេ»។
យោងតាមលោក Qalibaf បានឲ្យដឹងទៀតថា អន្តរការីបានទទូចថា ការជួបជុំគ្នានេះ បានក្លាយជាការចាប់ផ្តើមនៃការចរចា ប៉ុន្តែភាគីអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងចូលរួមតែក្នុងការចរចា មិនមែនក្នុងការពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកទេ។
លោក Qalibaf បានលើកឡើងថា៖ «ពេលដំណើរការចរចាបានពាក់កណ្ដាលផ្លូវ ខ្ញុំបានដឹងថា លោក Trump បានចេញការគំរាមកំហែងលើប្រធានាធិបតី ក្រុមចរចា និងការវាយប្រហារលើទឹកដីរបស់យើង»។ ហើយលោកបានប្រាប់ថា លោកបានលើកឡើងពីបញ្ហានេះជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ដោយអះអាងថា ការកត់សម្គាល់នេះបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាដោយភាគីទាំង២។
លោក Qalibaf បានសង្កត់ធ្ងន់ថា គណៈប្រតិភូអ៊ីរ៉ង់បានបញ្ចប់កិច្ចប្រជុំ ហើយចាកចេញ។ លោកបាននិយាយថា «យើងបានបញ្ចប់កិច្ចចរចា ចាកចេញពីកិច្ចប្រជុំ ហើយមិនបានត្រឡប់ទៅវិញឡើយ»។ លោក Qalibaf បានឲ្យដឹងបន្ថែម ភាគីអាមេរិកក្រោយមកបានស្វែងរកកិច្ចប្រជុំមួយផ្សេងទៀត ជាមួយអ្នកសម្របសម្រួលដែលមានវត្តមាន ប៉ុន្តែទីក្រុងតេអេរ៉ង់បានបដិសេធសំណើនេះ៕
