សៀមរាប៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហើបឲ្យដឹងថា ខាងមុខនេះនឹងមានប្រតិបត្តិការទ្រង់ទ្រាយធំ សម្រាប់ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលក្នុងនោះ ត្រូវបានយកចិត្តទុកដាក់ដល់មនុស្សចាស់អាយុ ៦០ឆ្នាំឡើង ជាក្រុមមនុស្សអាទិភាពផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជំរុញឲ្យមានការរៀបចំផែនការមេជាបន្ទាន់សម្រាប់ការចាក់វ៉ាក់សាំង ឲ្យបានទាន់មុនពេលដែលវ៉ាក់សាំងជំហានបន្ទាប់ ត្រូវបានបញ្ជូនមកដល់កម្ពុជា ( អាចនឹងចុងខែមិនា ឬមុនចូលឆ្នាំប្រពៃណីជាតិខាងមុខ)។
ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនានេះ ចេញពីរាជធានីភ្នំពេញ តាមរយៈនៃកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអ៊ីនធើណិត ទៅកាន់បណ្តារាជធានី-ខេត្តទាំង២៥ ពាក់ព័ន្ធនឹងការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ នេះគឺជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីទទួលបាន នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ចមួយនេះ ដើម្បីបំពេញតួនាទី និងភារកិច្ចគ្រប់គ្រង ដឹកនាំ និងចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
និយាយដោយឡែក នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល ( ទៀ សីហា ) មានមន្រ្តីជំនាញពាក់ព័ន្ធ ប្រមាណជា ១០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំពីចម្ងាយនេះ។
អ្វីដែលកិច្ចប្រជុំនេះចង់បាន គឺកិច្ចដំណើការចាក់វ៉ាក់សាំង ត្រូវតែមានដំណើរការរលូនល្អ លឿន ឆាប់តាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋដោយភ្ជាប់ទៅនឹងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈផងដែរ ដែលឈរលើគោលការណ៍ផ្តល់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មិនគិតកម្រៃ តម្លាភាព មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍អ្វីទាំងអស់។
យ៉ាងណាក៏ដោយ លោកជំទាវបញ្ជាក់ថា ជាដំបូងដែលបានអនុវត្តន៍កន្លងមកនេះ គឺសំដៅទៅលើក្រុមមនុស្ស ដែលមានអទិភាពស្ថិតក្នុងតំបន់ និងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង ដូចជាកម្លាំងយោធា នគរបាល មន្រ្តីសុខាភិបាលជាដើម ហើយសម្រាប់អទិភាពបន្ទាប់ គឺក្រុមមនុស្សចាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើង រួមទាំងមន្រ្តីរាជការចូលនិវត្តផងដែរ។
សម្រាប់កិច្ចដំណើការ របស់គណកម្មការចំពោះកិច្ចនៅថ្នាក់កណ្តាល និងកិច្ចដំណើរការរបស់អនុគណៈកម្មការចំពោះកិច្ចនៅថ្នាក់រាជធានី-ខេត្ត ថវិកាចំនួន ១២ពាន់លានរៀល ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចដាក់ឲ្យប្រើប្រាស់ ដើម្បីប្រសិទ្ធភាពការងារដ៏សំខាន់មួយនេះ ( ការពារ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩)។
កិច្ចប្រជុំនោះ ក៏បានបង្ហាញឲ្យដឹងដែរថា ការគ្របដណ្តប់នៃវ៉ាក់សាំងកូវីដ-១៩ គឺនៅបំណាច់ឆ្នាំ២០២២ នឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋគោលដៅឲ្យបានចំនួន ១០លាននាក់ ឬ ស្មើនឹង៦០% នៃប្រជាជនកម្ពុជាសរុប ក៏ប៉ុន្តែ មហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ជំរុញឲ្យបានដល់ ពី៧៥% ទៅ ៨០% អាស្រ័យដោយវត្តមានចំនួនដូស នៃវ៉ាក់សាំង ដែលកម្ពុជាអាចទទួលបាន។
ទន្ទឹមនឹងមហិច្ចតានេះ គណៈកម្មការចំពោះកិច្ច បានដាក់ចេញនូវផែនការឆ្លើយតបមួយ ដោយជំរុញឲ្យអនុគណៈកម្មការចំពោះកិច្ចថ្នាក់រាជធានី-ខេត្តទាំងអស់ ចាត់ចែងពីឥឡូវនេះ លើការងារអនុវត្តផែនការពង្រីកសេវាផ្តល់វ៉ាក់សាំង ឲ្យបានខិតចូលជិតប្រជាពលរដ្ឋ នោះ គឺការរៀបចំមណ្ឌលសុខភាព ជាកន្លែងចាក់វ៉ាក់សាំងនៅមូលដ្ឋានសហគមន៍។ ការស្រង់ស្ថិតិប្រជាពលរដ្ឋស័្មគ្រចិត្តទទួលវ៉ាក់សាំង និងការប្រមូលយកទន្នន័យ នៃលទ្ធផលផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាការងារដែលត្រូវអនុវត្តឲ្យបានល្អបំផុតផងដែរ៕ អត្ថបទ៖ ងិន គឹមលាង