នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរ មីស៊ីលបាលីស្ទិក និងទ្រព្យសមកម្មបង្កករបស់អ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដើម្បីឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ បន្ទាប់ពីមាននូវការចរចា «ដ៏ជោគជ័យ» នៅប្រទេសស្វីស។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកទៅកាន់រដ្ឋសភា លោក Sharif បានប្រាប់សមាជិកសភាថា៖ «ភាគីទាំង២ នឹងពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរ ទ្រព្យសកម្មដែលត្រូវបានបង្កក និងបញ្ហាមីស៊ីលបាលីស្ទិក ក្នុងរយៈពេល ៦០ថ្ងៃខាងមុខ។ យើងសង្ឃឹមថា MoU (អនុស្សរណៈនៃការយោគយល់គ្នា) នេះនឹងប្រែក្លាយទៅជាកិច្ចព្រមព្រៀងយូរអង្វែង ក្នុងរយៈពេល ៦០ថ្ងៃខាងមុខនេះ»។
លោកបានសំដៅទៅលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad MoU) ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា។ ប៉ាគីស្ថានក៏បានចុះហត្ថលេខាលើ MoU នេះ ក្នុងនាមជាអន្តរការីផងដែរ។
គួរបញ្ជាក់ថា ការចរចា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុង Burgenstock របស់ស្វីស បានបញ្ចប់កាលពីព្រឹកថ្ងៃចន្ទ ដោយឈានដល់កិច្ចព្រមព្រៀងលើយន្តការជាច្រើន ដែលមានគោលបំណងជំរុញការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ ក្រោមអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន និងកាតា៕

