អ៊ុយក្រែន៖ ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ ចក្ខុវិស័យទីផ្សារទំនិញចុងក្រោយរបស់របស់ខ្លួនកាលពីថ្ងៃអង្គារថា ការរំជើបរំជួលផ្នែកទីផ្សារថាមពលដ៏ខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យតម្លៃប្រេង និងថាមពលដទៃទៀតហក់ឡើងខ្ពស់រយៈពេលច្រើនឆ្នាំ ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងផ្លាស់ប្ដូរលំហូរពាណិជ្ជកម្មថាមពល និងការប្រើប្រាស់ រួមទាំងការផលិតកម្ម។

ធនាគារពិភពលោកបាននិយាយថា តម្លៃទំនិញម្ហូបអាហារបានឡើងថ្លៃផងដែរព្រមទាំងតម្លៃថាមពលខ្ពស់ និងការភ្ញាក់ផ្អើលចំពោះពាណិជ្ជកម្មប្រេងអន្តរជាតិ តម្លៃទំនិញកើនឡើងទាំងនោះនឹងធ្វើឱ្យសម្ពាធអតិផរណាកាន់តែធ្ងន់ធ្ងរទៅៗ នៅទូទាំងពិភពលោក។ យោងតាមធនាគារពិភពលោក តម្លៃប្រេងឆៅ Brent របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងហក់ឡើងជាមធ្យម ១០០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដែលនឹងមានការកើនឡើង ៤២% ពីឆ្នាំ២០២១ និងកម្រិតប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣ មក។ តម្លៃទំនិញមិនមែនថាមពលត្រូវបានកំណត់ថា នឹងកើនឡើងប្រហែល ២០% នៅឆ្នាំ២០២២ ជាមួយនឹងការកើនឡើងដ៏ធំបំផុតនៃទំនិញដែលរុស្ស៊ី ឬអ៊ុយក្រែនជាប្រទេសនាំចេញដ៏សំខាន់។

ធនាគារពិភពលោកបានកត់សម្គាល់ថា តម្លៃប្រេងឆៅ Brent ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតមធ្យម ៩២ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣ ស្រុតចុះពីកម្រិតមធ្យមដែលរំពឹងទុកកាលពីឆ្នាំ២០២២ ប៉ុន្តែលើសពីមធ្យមភាគ ៥ឆ្នាំដែលមាន ៦០ដុល្លារក្នុងមួយបារ៉ែល។ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០២២ ដូចកាលពីឆ្នាំ២០២១ ដែរ ខណៈតម្លៃធ្យូងថ្មត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងខ្ពស់ជាង ៨០% ដោយតម្លៃទាំងពីរនេះមានតម្លៃខ្ពស់គ្រប់ពេលវេលា៕
អត្ថបទ៖ សុខមាន