រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ ក្រោមសន្ធិសញ្ញាសន្តិសុខរបស់ខ្លួនជាមួយប្រទេសបេឡារុស ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងពីអ៊ុយក្រែន។
អំឡុងពេលថ្លែង នៅឯទីក្រុងមូស្គូ លោក Lavrov បាននិយាយថា ប្រទេសបេឡារុសកំពុងប្រឈមមុខនឹងការគំរាមកំហែងពីទីក្រុងគីវ ដែលមានគោលបំណងទាញទីក្រុងមីនស្ក៍ឲ្យចូលទៅក្នុងជម្លោះ នៅអ៊ុយក្រែន។

លោកបានសំដៅទៅលើការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជាឲ្យមានការវាយប្រហារ លើឧបករណ៍យោធា ប្រសិនបើវាមិនត្រូវបានដកចេញក្នុងរយៈពេល ១សប្តាហ៍ទេនោះ។ លោក Lavrov បានបញ្ជាក់ថា ឧបករណ៍ដែលមានមន្ទិលសង្ស័យនេះ ត្រូវបានដាក់ពង្រាយនៅលើទឹកដីបេឡារុស នៅជិតព្រំដែនជាមួយអ៊ុយក្រែន។
លោក Lavrov បានលើកឡើងថា៖ «ខ្ញុំចង់រំលឹកដល់អ្នកនៅទីក្រុងគីវដែលមានពាក់ព័ន្ធក្នុងវោហាសាស្ត្រ និងការគំរាមកំហែងបែបនេះ ក៏ដូចជាអ្នកដែលនៅលោកខាងលិចដែលគាំទ្រពួកគេថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៥ សន្ធិសញ្ញា ស្តីពីការធានាសន្តិសុខ ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភាព បានចូលជាធរមាន រវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស»។
អ្នកការទូតជាន់ខ្ពស់រូបនេះបានបន្ថែមថា៖ «ប្រសិនបើចាំបាច់ យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការពេញលេញដែលមានចែងក្នុងសន្ធិសញ្ញានេះ ដើម្បីធានាសុវត្ថិភាពដល់សម្ព័ន្ធមិត្តរបស់យើង»៕
