ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (ទី២៣ ខែមមិថុនា ឆ្នាំ២០២៦) ថា សមាជិកសភាចិនកំពុងជជែកពិភាក្សា អំពីច្បាប់ជាមូលដ្ឋានដំបូងរបស់ប្រទេសដែលគ្រប់គ្រងលើវិស័យហិរញ្ញវត្ថុ ដោយមានគោលបំណងការពារហានិភ័យ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។
សារព័ត៌មាន Xinhua បានរាយការណ៍ថា សេចក្តីព្រាងច្បាប់នេះត្រូវបានលើកឡើង នៅថ្ងៃអង្គារនេះ នៅឯសម័យប្រជុំកំពុងបន្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាតិ សម្រាប់ដំណាក់កាលដំបូងរបស់ច្បាប់នេះ។ ដោយត្រូវបានចេញរួមគ្នាដោយក្រសួងយុត្តិធម៌ ធនាគារប្រជាជនចិន និងនិយតករហិរញ្ញវត្ថុធំៗផ្សេងទៀត សេចក្តីព្រាងច្បាប់នេះត្រូវបានបើកឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ រហូតដល់ថ្ងៃទី១៩ ខែមេសា។
ច្បាប់នេះមានគោលបំណងពង្រឹងបទប្បញ្ញត្តិ ការពារ និងកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ផងដែរនូវតម្រូវការលើសលប់ សម្រាប់ការងារហិរញ្ញវត្ថុ រួមទាំងការលើកកម្ពស់ការដឹកនាំបែបមជ្ឈការ និងវិធីសាស្រ្តដែលផ្តោតលើប្រជាជន ខណៈពេលដែលកំណត់គោលដៅនីតិបញ្ញត្តិ ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីគាំទ្រដល់ទំនើបកម្មរបស់ចិន។ ច្បាប់នេះរួមបញ្ចូលបន្ថែមទៀតនូវវិធានការ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធធនាគារកណ្តាល កែលម្អការគ្រប់គ្រងផ្ដោតលើសេដ្ឋកិច្ចទាំងមូល និងហានិភ័យ និងធានាស្ថិរភាពរូបិយប័ណ្ណ និងហិរញ្ញវត្ថុ។
ចិនគឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោក ហើយច្បាប់នេះត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្រួបបង្រួមនៃការត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់ខ្លួន៕