ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា អ៊ុយក្រែនកំពុងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសរុស្ស៊ី ដែលជាការប៉ុនប៉ងធ្វើឲ្យសង្គមអស្ថិរភាព។
ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង បានកើនឡើងទ្វេដង ចាប់តាំងពីដើមឆ្នាំ២០២៦ ដែលនាំឲ្យមានការតម្រង់ជួរដ៏វែង ដើម្បីចាក់សាំង ហើយតម្លៃប្រេងសាំងឡើងខ្ពស់ នៅក្នុងតំបន់មួយចំនួន។ ទីក្រុងគីវ បានបញ្ជាក់ថា គោលបំណងរបស់ខ្លួន គឺដើម្បីធ្វើឲ្យចុះខ្សោយដល់ប្រភពសំខាន់នៃការផ្ដល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ី និងបង្ហាញដល់ប្រជាជនរុស្ស៊ីថា ជម្លោះមកកៀកនឹងខ្លួនហើយ។
អំឡុងពេលថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សា ពីស្ថាប័នយោធា និងសន្តិសុខ លោក Putin បានធ្វើការកត់សម្គាល់ជាលើកដំបូងរបស់លោក ជុំវិញការវាយប្រហារ ចាប់តាំងពីយានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន។
នៅក្នុងកិច្ចប្រជុំដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានលើកឡើងថា៖ «ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តើពួកគេមានគោលបំណងអ្វី? គឺដើម្បីធ្វើឲ្យសង្គមអស្ថិរភាព ក្នុងចំណោមការវាយប្រហារដ៏ធំបែបនេះ នៅពេលដែលលោកខាងលិចទាំងមូល កំពុងធ្វើការឲ្យពួកគេ ហើយយានដ្រូនទាំងនេះកំពុងមកក្នុងចំនួនដ៏ច្រើន ដើម្បីបង្កើតអារម្មណ៍មិនប្រាកដប្រជា អំពីវិធានការរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី»។
ជាមួយគ្នានេះ មេដឹកនាំរុស្ស៊ីក៏បាននិយាយផងដែរថា កងទ័ពរុស្ស៊ីជិតដណ្តើមគ្រប់គ្រងទីក្រុង Kostiantynivka ជាទីគាំទ្រដ៏សំខាន់ នៅភាគខាងត្បូង ពោលគឺជាអ្វីដែលត្រូវបានហៅថា «ខ្សែក្រវាត់បន្ទាយ» នៅក្នុងតំបន់ Donetsk ដែលទីក្រុងមូស្គូបានទាមទារឲ្យទីក្រុងគីវព្រមបោះបង់៕