នគរបាលនៅរដ្ឋភាគកណ្តាល Plateau របស់ប្រទេសនីហ្សេរីយ៉ា និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍កន្លងទៅនៅសហគមន៍មួយកន្លែងស្ថិតក្នុងស្រុក Bokkos ដែលជាការវាយប្រហារចុងក្រោយគេនៅក្នុងតំបន់មួយដែលញាំញីដោយសារការវាយប្រហារលើសហគមន៍ បើទោះបីជាមានការដាក់ពង្រាយកងកម្លាំងសន្តិសុខម្តងហើយម្តងទៀត និងការសន្យារបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការវាយប្រហារក៏ដោយ ។
រដ្ឋ Plateau ស្ថិតក្នុងចំណោមរដ្ឋជាច្រើនទៀត ដែលមានភាពចម្រុះជាតិសាសន៍ និងសាសនា ជាទីដែលជម្លោះសហគមន៍ បានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោក Alfred Alabo គឺជាអ្នកនាំពាក្យនគរបាលរដ្ឋ Plateau និយាយថា ក្រុមមន្រ្តីកំពុងធ្វើការជាមួយក្រុមភ្នាក់ងារសន្តិសុខផ្សេងទៀត ដែលបានចូលរួមផ្ទុះអាវុធដ៏ខ្លាំងក្លាជាមួយក្រុមវាយប្រហារ កាលពីព្រឹកថ្ងៃអាទិត្យ មុនពេលពួកគេរត់គេចចេញពីកន្លែងកើតហេតុ ។
លោក Alabo បន្តថា មនុស្ស ១៨នាក់ បានស្លាប់នៅកន្លែងកើតហេតុ ហើយមនុស្ស ២នាក់ផ្សេងទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
លោកនិយាយទៀតថា ស្នងការនគរបាលរដ្ឋ Plateau លោក Bassey Ewah បានបញ្ជាឲ្យដាក់ពង្រាយកងកម្លាំងសន្តិសុខបន្ថែមទៀតទៅកាន់ទីនោះ រួមទាំងអង្គភាពនគរបាលតាក់ទិក និងអង្គភាពនគរលបាចល័តផងដែរ ៕