គណៈកម្មការស៊ើបអង្កេតអង្គការសហប្រជាជាតិ(UN)បានចោទប្រកាន់អ៊ីស្រាអែលថា មានគោលដៅជាប្រព័ន្ធលើកុមារប៉ាឡេស្ទីន នៅដែនដីកាន់កាប់ប៉ាឡេស្ទីន ដោយពួកគេអះអាងថា សកម្មភាពរបស់អ៊ីស្រាអែលស្មើនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មលើមនុស្សជាតិ នៅតំបន់ហ្កាហ្សា និងឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់កាន់កាប់វ៉េសប៊ែង ។
នៅក្នុងរបាយការណ៍ដែលបានចេញនៅថ្ងៃអង្គារនេះ គណៈកម្មការស៊ើបអង្កេត បានរកឃើញប្រហែល ៣០ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែលចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ គឺជាកុមារ ហើយការវាយប្រហារលើអង្គភាពសម្ភព និងទារកទើបនឹងឆ្លងទន្លេ ជាមួយនឹងការបិទជំនួយ បានបំផ្លាញឱកាសរស់រានរបស់កុមារ ។
ពួកគេបន្តថា កងកម្លាំងអ៊ីស្រាអែល បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀន ហើយកុមារប៉ាឡេស្ទីន ត្រូវបានចាប់ខ្លួនតាមអំពើចិត្ត រងការធ្វើទារុណកម្ម និងក្លាយជាកម្មវត្ថុនៃការបំពានផ្លូវភេទ អំឡុងពេលជាប់ឃុំ ហើយកុមាររងរបួសធ្ងន់ធ្ងរ នៅតែបន្តមាន បើទោះបីជាមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំ ២០២៥ក៏ដោយ ។
មូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF)ប៉ាន់ប្រមាណថា កុមារ ៥ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងនោះកុមារប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ជាមធ្យមជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៨ខែកន្លងមកនេះ ចាប់តាំងពីបទឈប់បាញ់ខែតុលា ចូលជាធរមាន ៕