ទីក្រុង Sevastopol ស្ថិតក្នុងតំបន់គ្រីមៀកាន់កាប់ដោយរុស្ស៊ី បានរឹតត្បិតការងារដឹកជញ្ជូនសាធារណៈ ហាងលក់ទំនិញ ហាងកាហ្វេ ភ្លើងបំភ្លឺតាមដងផ្លូវ ក៏ដូចជាហាមឃាត់សកម្មភាពខាងក្រៅទ្រង់ទ្រាយធំ ស្របពេលជួបកង្វះខាតប្រេងឥន្ធនៈ ។
លោក Mikhail Razvozhayev គឺជាអភិបាលក្រុង Sevastopol លើកបន្តុបដោយរុស្ស៊ី និយាយកាលពីល្ងាចថ្ងៃចន្ទថា ទីក្រុងធំបំផុតនៅតំបន់គ្រីមៀមួយនេះ និងជាមូលដ្ឋានរបស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានណែនាំវិធានការសន្តិសុខបន្ថែមទៀត ។
លោកបន្តថា វិធានការនេះ រួមទាំងការឈប់ធ្វើការដឹកជញ្ជូនសារធារណៈនៅវេលាម៉ោង ១០យប់ បិទហាងលក់ទំនិញ និងហាងកាហ្វេនៅវេលាម៉ោង ៨យប់ ។
គួរឲ្យដឹងថា បណ្ដាស្ថានីយប្រេងឥន្ធនៈនៅគ្រីមៀ ត្រូវបានណែនាំគិតត្រឹមថ្ងៃទី២១ ខែមិថុនាតទៅ ឲ្យផ្អាកទាំងស្រុងការលក់ប្រេងឥន្ធនៈដល់ជនស៊ីវិល ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយមធ្យមលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងឧបទ្វីបមួយនេះ ។
ការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពលរបស់រុស្ស៊ីបានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្រសង្គ្រាមរបស់ទីក្រុងគីវ ដែលមានគោលបំណងបំផ្លាញសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្រយុទ្ធ និងនាំយកការពិតនៃសង្គ្រាមបង្ហាញប្រាប់ដល់ជនស៊ីវិលរុស្ស៊ី ៕