លោក Park Il គឺជាអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយនាថ្ងៃអង្គារនេះថា ទីក្រុងសេអ៊ូល នឹងយល់ព្រមទទួលយកឈ្លើយសឹកទាំងអស់របស់កូរ៉េខាងជើងដែលធ្វើសង្រ្គាមឲ្យរុស្ស៊ី និងត្រូវបានចាប់បានដោយអ៊ុយក្រែន បើសិនជាពួកគេជ្រើសរើសផ្លូវមកកាន់កូរ៉េខាងត្បូង ។
លោក Park និយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha គ្រោងនឹងមានជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ។
ក្រសួងបន្តថា កូរ៉េខាងត្បូងជំទាស់ការធ្វើមាតុភូមិនិវត្តន៍ណាមួយរបស់ឈ្លើយសឹកកូរ៉េខាងជើងទៅកាន់រុស្ស៊ី ឬទៅកាន់កូរ៉េខាងជើង ដើម្បីប្រឆាំងនឹងបំណងប្រាថ្នារបស់ពួកគេ ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា យោធារបស់ទីក្រុងគីវ បានចាប់ខ្លួនទាហានកូរ៉េខាងជើង ២នាក់ នៅតំបន់ Kursk របស់រុស្ស៊ី គឺជាពេលដំបូងដែលអ៊ុយក្រែនប្រកាសការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេចូលធ្វើសង្រ្គាម ៕