អគ្គិភ័យនៅឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុងភាគអាគ្នេយ៍ Houston រដ្ឋ Texas សហរដ្ឋអាមេរិក បង្កឲ្យមានសំណុំផ្សែងដ៏ធំមួយចាប់តាំងពីរសៀលថ្ងៃចន្ទរហូតមក ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅតែព្យាយាមពន្លត់អណ្តាតភ្លើងនៅថ្ងៃអង្គារនេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១០០នាក់ បាននៅកន្លែងកើតហេតុ ហើយត្រូវបានគេរំពឹងថានឹងបន្តការងារពន្លត់អណ្តាតភ្លើងពេញមួយយប់នេះ ។
សារព័ត៌មានសហរដ្ឋអាមេរិករាយការណ៍ថា ក្រុមមន្រ្តីពុំទាន់បានកំណត់ពីមូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើងនៅឡើយទេ ។
ក្រសួងសុខាភិបាលក្រុង Houston និយាយថា ពួកគេកំពុងតាមដានគុណភាពខ្យល់នៅតំបន់រស់នៅរបស់អ្នកស្រុក ជុំវិញអគ្គិភ័យដែលបានឆាប់ឆេះនៅអគារកែច្នៃឡើងវិញ ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលនេះ ភាគល្អិតគ្រោះថ្នាក់នៅក្នុងខ្យល់ ស្ថិតក្នុងកម្រិតទាបជាងកម្រិតគួរឲ្យព្រួយបារម្ភប៉ុណ្ណោះ ហើយក៏គ្មានក្តីកង្វល់គុណភាពខ្យល់ធ្ងន់ធ្ងរ ត្រូវបានរាយការណ៍នោះដែរ ៕