អំឡុងរដូវក្តៅខ្លាំង ពលរដ្ឋរស់នៅតំបន់ហ្កាហ្សា បានស្វែងរកកន្លែងស្រាកស្រាន្តជាមួយនឹងការចុះងូតទឹកនៅក្នុងសមុទ្រកខ្វក់ ។
ភាគច្រើននៃពលរដ្ឋហ្កាហ្សា រស់នៅក្នុងសំពត់តង់បណ្តោះអាសន្ននៅតាមតំបន់ដ៏តូចចង្អៀត ជាទីដែលសម្បូរសត្វល្អិតចង្រៃ និងជំងឺ ។
លោក Mahmoud Saad គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ហ្កាហ្សានិយាយថា សំពត់តង់ដែលលោករស់នៅបច្ចុប្បន្នប្រៀបបាននឹងផ្ទះកញ្ចក់អញ្ចឹង វាពិតជាក្តៅខ្លាំងណាស់ ។ ពួកយើងមិនអាចរស់នៅក្នុងតង់បានទេ ពួកយើងត្រូវតែចេញក្រៅ និងទៅរកទឹកងូត បើទោះបីជាទឹកសមុទ្រកខ្វក់ក៏ដោយ ។
សូមបញ្ជាក់ថា ពលរដ្ឋហ្កាហ្សាស្ទើរទាំងអស់ បន្តជម្លៀសខ្លួននៅក្នុងសង្រ្គាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយទាហានអ៊ីស្រាអែលបន្តគ្រប់គ្រងដែនដីហ្កាហ្សាប្រហែលជាង ៦០ភាគរយ ។
ពីមុន តំបន់ឆ្នេរខ្សាច់ទីក្រុងហ្កាហ្សា ធ្លាប់ជាគោលដៅកម្សាន្តដ៏ពេញនិយមមួយ សម្រាប់ឲ្យអ្នកស្រុកសម្រាកកាយ ប៉ុន្តែបច្ចុប្បន្នវាក្លាយជាកន្លែងដែលជនប៉ាឡេស្ទីនបោកសម្លៀកបំពាក់ និងខាប់ក្រាស់ដោយល្បាយទឹកស្អុយ និងកាកសំណល់ ។ ហេដ្ឋារចនាសម្ព័ន្ធធ្លាប់បម្រើសម្រាប់ពលរដ្ឋជាង ២លាននាក់នេះ បច្ចុប្បន្នបានដួលរលំទាំងស្រុង ។
យោងតាមការអះអាងរបស់រដ្ឋបាលក្រុងហ្កាហ្សា បានឲ្យដឹងថា ការបូមទឹកលែងដំណើរការទៀតហើយនៅក្នុងទីក្រុងមួយនេះ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក៏ដូចជាស្ថានីយ៍បូមលូទឹកស្អុយ រោងចក្របូមទឹក និងរោងចក្រប្រព្រឹត្តកម្មទឹក ៕