ពលរដ្ឋជម្លៀសខ្លួនជ្រកកោននៅក្នុងសំពត់តង់ ស្ថិតនៅតាមមាត់សមុទ្រទីក្រុងបេរូត ប្រទេសលីបង់ និយាយថា ពួកគេព្រួយបារម្ភខ្លាចថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នឹងមិនចូលជាធរបានយូរអង្វែងនោះទេ ។
បទឈប់បាញ់ បានចូលជាធរមានភាគច្រើននៅប្រទេសលីបង់កាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសមួយនេះ ជួបភាពស្ងប់ស្ងាត់យូរបំផុតពុំធ្លាប់មាន ក្នុងសង្រ្គាមរយៈពេល ៣ខែរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បើទោះបីជាក្តីបារម្ភពីអរិភាពថ្មីបានរារាំងពលរដ្ឋជម្លៀសខ្លួន មិនហ៊ានវិលត្រឡប់មកផ្ទះរបស់ពួកគេក៏ដោយ ។
មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់លីបង់និយាយថា ការប្រកាន់ខ្ជាប់បទឈប់បាញ់មានស្ទើរទាំងស្រុង ចាប់តាំងពីល្ងាចថ្ងៃសៅរ៍រហូតមក បើទោះបីជាមន្រ្តីរូបនេះនិយាយថា រថក្រោះអ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងធំមលើភូមិមួយកន្លែងនៅជិតទីក្រុង Tyre ក៏ដោយ ហើយកងកម្លាំងអ៊ីស្រាអែល បានបំផ្ទុះគ្រាប់បែកដៃនៅទីតាំង ២កន្លែងផ្សេងទៀត កាលពីថ្ងៃចន្ទ ។ យានដ្រូន ១គ្រឿងរបស់អ៊ីស្រាអែល បានបាញ់បង្ហោះលើទីក្រុងបេរូតផងដែរ ។
សង្រ្គាមបានធ្វើតេស្តកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើការបញ្ចប់ជម្លោះក្នុងតំបន់ ជាហេតុនាំឲ្យទីក្រងតេអេរ៉ង់ ប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា ពួកគេបានបិទច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត ដោយពួកគេលើកឡើងថា សហរដ្ឋអាមេរិក ពុំបានឈានដល់ការប្តេជ្ញាចិត្តចំពោះការបញ្ឈប់ការប្រយុទ្ធគ្នានៅប្រទេសលីបង់នោះទេ ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ដែលបានដឹកនាំគណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន ទៅចូលរួមជុំដំបូងនៃកិច្ចប្រជុំជាមួយអ៊ីរ៉ង់ និងមានគោលដៅឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនេះ និយាយថា វឌ្ឍនភាពត្រូវបានបង្កើតឡើង ឆ្ពោះទៅរកការបញ្ចប់អរិភាពនៅប្រទេសលីបង់ និងបើកច្រកសមុទ្រឡើងវិញ ៕