លោក Brajesh Pathak គឺជាឧបនាយករដ្ឋមន្រ្តីប្រចាំរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា និយាយថា មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មមួយកន្លែង ដែលជាទីតាំងរបស់វិទ្យាស្ថានបណ្តុះបណ្តាលគំនូរជីវចល ស្ថិតក្នុងទីក្រុងភាគខាងជើង Lucknow ។
ក្រុមជួយសង្រ្គោះ បានព្យាយាមដើរកាត់អណ្តាតភ្លើង ពេលដែលពួកគេចូលទៅសង្រ្គោះអ្នករស់រាន និងបានរកឃើញសាកសពនៅក្នុងអគារ ។
សារព័ត៌មានរាយការណ៍ថា ភាគច្រើននៃអ្នកស្លាប់ គឺជានិស្សិតវ័យក្មេងដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលមួយនេះ ។
សាក្សីនិយាយថា ក្រុមអ្នកស្រុក បានចូលរួមកិច្ចខិតខំជួយសង្រ្គោះផងដែរ មុនពេលសេវាកម្មសង្រ្គោះបន្ទាន់មកដល់ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុអគ្គិភ័យនេះឡើង ។
សោកនាដកម្មនេះដែរ បង្កឲ្យមានក្តីបារម្ភជាថ្មីចំពោះសុវត្ថិភាពរបស់អគារពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា ក្នុងនោះអគ្គិភ័យស្លាប់មនុស្សជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បង្ហាញពីការបំពានច្បាប់សុវត្ថិភាពអគ្គិភ័យ ៕