ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ ២៤ មិថុនាសប្ដាហ៍នេះ ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោកនឹងបំពាក់អង្គភាពកងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងអាវុធនុយក្លេអ៊ែរ និងសាងសង់នាវាចម្បាំងធំៗ ខណៈទីក្រុងព្យុងយ៉ាងកំពុងជំរុញការពង្រីកសមត្ថភាពយោធារបស់ខ្លួន។

កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនកញ្ចប់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមេដឹកនាំកំពូលវ័យក្មេងរូបនេះបានទទូចម្តងហើយម្តងទៀតថា ពួកគេនឹងមិនបោះបង់ចោលឡើយ ដោយហៅអាវុធនុយក្លេអ៊ែរថាមានសារៈសំខាន់សម្រាប់ការទប់ទល់អាមេរិក និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា ការអត្ថាធិប្បាយរបស់លោក Kim បានកើតឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Choe Hyon នៅក្នុងទីក្រុងកំពង់ផែ Nampho កាលពីថ្ងៃអង្គារ ជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំងមានទម្ងន់៥.០០០តោនចំនួនពីរគ្រឿង ដែលប្រទេសឯកោមួយនេះបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ។

លោក Kim ត្រូវបានរាយការណ៍ថា បានប្រាប់ពិធីនេះថាកម្មវិធីបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរកំពុងអនុវត្តតាមផែនការរបស់ខ្លួនដោយពុំមានកំហុសឡើយ។
លោកបាននិយាយថា នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ព្រោះវានឹងធ្វើឱ្យកូរ៉េខាងជើងអាចរក្សាកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ ក្នុងការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាព។
កូរ៉េខាងជើងធ្លាប់បាននិយាយថា នាវា Choe Hyon ត្រូវបានបំពាក់ដោយអាវុធដ៏មានអានុភាពបំផុតហើយលោក Kim បានចុះត្រួតពិនិត្យនាវាជាច្រើនលើកច្រើនសារនៅឆ្នាំនេះ រួមទាំងការត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវា Choe Hyon ក្នុងខែមេសាទៀតផង ។

ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថាខ្លួនជារដ្ឋនុយក្លេអ៊ែរដែលមិនអាចកែប្រែបាន ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងលោក Kim និងលោក Trump នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបរាជ័យលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម៕