លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា ទីក្រុងវ៉ាស៊ីនតោននឹងមិនទទួលយកការទាមទារឲ្យបង់ប្រាក់ឬបង់ថ្លៃសេវារបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ឡើយ ខណៈជម្លោះជុំវិញផ្លូវទឹកដ៏សំខាន់ ការធ្វើអធិការកិច្ចនុយក្លេអ៊ែរនិងមីស៊ីល បានបង្ហាញពីភាពតានតឹងនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ និងបានបញ្ចប់ការចរចាជុំទីមួយនៅក្នុងប្រទេសស្វីស ដោយបើករយៈពេលនៃការចរចា៦០ថ្ងៃលើការបន្ធូរបន្ថយទណ្ឌកម្ម កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងអនាគតនៃច្រកសមុទ្រ Hormuz។ ការបិទផ្លូវទឹករបស់អ៊ីរ៉ង់នៅដើមសង្គ្រាម បានធ្វើឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ផ្លូវសមុទ្រតាមរយៈច្រកសមុទ្រនេះ បណ្តាលឱ្យតម្លៃប្រេងសកលកើនឡើង ប៉ុន្តែការឆ្លងកាត់បានចាប់ផ្តើមមានសន្ទុះឡើងវិញចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ អ៊ីរ៉ង់បានទទូចដដែលៗថា ខ្លួននឹងរក្សាការគ្រប់គ្រងផ្លូវទឹកនេះ។

កាលពីថ្ងៃអង្គារ ទីក្រុងតេអេរ៉ង់និងប្រទេសអូម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេនឹងសិក្សាពីការគ្រប់គ្រងផ្លូវពាណិជ្ជកម្ម និងតម្លៃដែលត្រូវទាមទាមឲ្យបង់សម្រាប់សេវានានា ខណៈទទូចលើអធិបតេយ្យភាពរបស់ពួកគេនៅច្រកសមុទ្រនេះ។
លោក Rubio ដែលកំពុងធ្វើដំណើរទស្សនកិច្ចក្នុងតំបន់នៅប្រទេសអារ៉ាប់រួម បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងចំណាត់ការបែបនេះ ព្រោះ«វាជាផ្លូវទឹកអន្តរជាតិ គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតទាមទារការបង់ប្រាក់ ឬថ្លៃសេវាលើផ្លូវទឹកអន្តរជាតិទេ» ហើយលោកជឿថាប្រទេសទាំងអស់នៅក្នុងតំបន់នេះនឹងយល់ស្រប។