អង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IMO) បានចាប់ផ្តើមជម្លៀសនាវិកជាង ១១.០០០ នាក់ដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz បន្ទាប់ពីអនុស្សរណៈនៃការយោគយល់ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

អគ្គលេខាធិការ អង្គការសមុទ្រអន្តរជាតិ(IMO) លោក Arsenio Dominguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការនេះនឹងត្រូវបានអនុវត្តក្នុង «កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ប្រទេសអូម៉ង់ រដ្ឋឆ្នេរសមុទ្រទាំងអស់នៅក្នុងតំបន់ សហរដ្ឋអាមេរិក និងផ្នែកឧស្សាហកម្មសមុទ្រ»។

លោកបាននិយាយថា «យើងទទួលបានការធានាសុវត្ថិភាពជាចាំបាច់និងបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ចំពោះលក្ខខណ្ឌនានាសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ដើម្បីគាំទ្រដល់ប្រតិបត្តិការ»។ បន្ទាប់ពីការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រដោយបន្សល់ទុកនាវាជាច្រើនគ្រឿងជាប់គាំងនៅលើផ្លូវទឹកដ៏សំខាន់នេះ។ ប៉ុន្តែចរាចរណ៍ដឹកជញ្ជូន បានកើនឡើងវិញចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្នែកដឹកជញ្ជូន ខេប្លឺ(Kpler) បានរាយការណ៍ថា យ៉ាងហោចណាស់នាវាពាណិជ្ជកម្មចំនួន ៣៦ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃចន្ទ ជាកម្រិតនៃការធ្វើចរាចរណ៍ច្រើនបំផុតក្នុងកំណត់ត្រា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ យោងតាមក្រសួងការពារជាតិប្រទេសអូម៉ង់បានឲ្យដឹងថា ដំណើរការជម្លៀសក្រោមផែនការរបស់អង្គការសមុទ្រអន្តរជាតិ(IMO) ដែលត្រូវបានយកមកពិភាក្សាជាច្រើនខែមកនេះ នឹងត្រូវបែងចែកជាដំណាក់កាល។ ក្រសួងនិយាយថា ដោយសារហានិភ័យខ្ពស់នៃការប៉ះទង្គិចគ្នានៅក្នុងស្ថានភាពបច្ចុប្បន្ន ការជម្លៀសចរាចរណ៍នាវាបន្តិចម្តងៗនិងអាចគ្រប់គ្រងបាន គឺត្រូវការជាចាំបាច់។