អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យអង្គការសហប្រជាជាតិបញ្ជូនកងរក្សាសន្តិភាព មកកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី។
លោក Zelenskyy បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសន្និសីទសារព័ត៌មាន ជាមួយអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជាកន្លែងដែលលោកបានផ្តល់មេដាយដល់បុគ្គលិករោងចក្រនុយក្លេអ៊ែរ Chernobyl។ លោក Zelenskyy បាននិយាយថា ដោយគិតពីកម្រិតនៃការគំរាមកំហែង យើងគិតថា ប្រតិកម្មចំពោះសកម្មភាពរបស់រុស្ស៊ីត្រូវតែមានលក្ខណៈខុសប្លែក។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Mariano Grossi បាននិយាយថា វាអាចទៅរួចដែលឧបទ្ទវហេតុអាចកើតឡើង ខណៈទាហានរុស្ស៊ីដណ្ដើមបានការគ្រប់គ្រងរោងចក្រ ជាទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl ឆ្នាំ១៩៨៦។
ទាហានរុស្ស៊ីបានចូលទៅក្នុងតំបន់ហាមឃាត់រោងចក្រ Chernobyl ដែលមានសារធាតុវិទ្យុសកម្មកាលពីខែកុម្ភៈ ក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីគីវរបស់អ៊ុយក្រែន ហើយបានដកថយមកវិញកាលពីចុងខែមុន ខណៈរុស្ស៊ីបានផ្លាស់ប្ដូរការផ្តោតគោលដៅរបស់ខ្លួនទៅប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន