អ៊ុយក្រែន បានពង្រីកយុទ្ធនាការរបស់ខ្លួនប្រឆាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពលរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសការវាយប្រហារទាំងនេះ ដោយនិយាយថា វាជាការប៉ុនប៉ងបង្កើត «ភាពមិនប្រាកដប្រជា» និង «បង្កអស្ថិរភាពសង្គម»។

លោកPutin បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងថ្លែងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សាសាលាយោធានៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា អ៊ុយក្រែន កំពុងធ្វើព្រងើយចំពោះការពិតដែលថាកងកម្លាំងរុស្ស៊ីកំពុងលប់លើនៅសមរភូមិមុខ។ លោកPutin បាននិយាយដដែលៗនូវជំហររបស់លោកនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដោយនិយាយថា «ខណៈទាហានរបស់យើងកំពុងដណ្តើមយកទីតាំងនានានៅសមរភូមិ សត្រូវបានប្រើប្រាស់តាកទិកវាយប្រហារអគារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់យើង»។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា ទីផ្សារប្រេងឥន្ធនៈបច្ចុប្បន្ន កំពុងប្រឈមបញ្ហា ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រង។ លោកបាននិយាយថា រោងចក្រចម្រាញ់ប្រេង បានបង្កើនផលិតកម្មប្រេងឥន្ធនៈឱ្យបានជាអតិបរមា ហើយទីក្រុងមូស្គូកំពុងពិចារណាបម្រាមទាំងស្រុងលើការនាំចេញប្រេងម៉ាស៊ូត។