នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រូវតែវិលត្រឡប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីជម្លោះកាន់តែរីកធំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

ថ្លែងនៅក្នុងបទសម្ភាសន៍នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងរ៉ូម មេដឹកនាំប្រទេសអ៊ីតាលីរូបនេះ បាននិយាយថា លោកស្រី គ្មានបំណងបន្តជំរុញជម្លោះទេ ហើយវាជារឿងសំខាន់ក្នុងការរក្សាទំនាក់ទំនងរឹងមាំរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោកស្រី បាននិយាយផងដែរថា រដ្ឋាភិបាលអ៊ីតាលី នឹងចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចជាប្រពៃណីដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងរ៉ូម ដើម្បីប្រារព្ធទិវាឯករាជ្យថ្ងៃទី ៤ ខែកក្កដា។
ជម្លោះរវាងសម្ព័ន្ធមិត្តដែលធ្លាប់តែជិតស្និទ្ធគ្នា បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ខណៈលោក Trump បានប្រាប់បណ្តាញទូរទស្សន៍អ៊ីតាលីមួយថា លោកស្រី Meloni បាន «សុំអង្វរ» លោកឱ្យថតរូបជាមួយលោកស្រីនៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង ជាការអះអាងដែលលោកស្រី ហៅថា «ជាការប្រឌិតឡើងទាំងស្រុង»។