ខេត្តកណ្ដាល៖ រដ្ឋបាលស្រុកកណ្តាលស្ទឹង និងក្រុមយុវជនមនុស្សធម៌នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានផ្តល់ នូវស័ង្កសីជាច្រើនសន្លឹកដល់សាលាបឋមសិក្សាជើងកើប ដែលស្ថិតនៅភូមិធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីប្រក់ដំបូលសាលាមួយខ្នងដែលមានប្រវែង ៤០ម៉ែត្រ បន្ទាប់សាលានេះបានធ្លុះធ្លាយហើយរំខានដល់ការសិក្សារបស់សិស្សានុសិស្សនោះ។
ក្រៅពីផ្តល់នូវស័ង្កសីសម្រាប់ប្រក់ដំបូលសាលា រដ្ឋបាលស្រុក និងក្រុមយុវជនមនុស្សធម៌ ក៏បានសំណេះសំណាល និងផ្តល់អំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាខាងលើនេះផងដែរ ដោយអំណោយទាំងនេះគឺបង្ហាញអំពីទឹកចិត្តសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដើម្បីរួមគ្នាលើកស្ទួយដល់សង្គមនោះ។
ថ្លែងនៅក្នុងពិធីប្រគល់ និងសំណេះសំណាលនេះ លោក សាន សាវុន ក្រុមការងារស្រុកកណ្តាលស្ទឹង បានលើកឡើងថា អំណោយមនុស្សធម៌ និងស័ង្កសីដែលបានប្រគល់ជូនដល់សាលាបឋមសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនេះ គឺបានមកពីក្រុមយុវជនមនុស្សធម៌ ដែលដឹកនាំដោយលោក ណន ពៅ ប្រធានក្រុមយុវជនមនុស្សធម៌។
លោកសាន សាវុន បានបន្តទៀតថា ក្រុមយុវជនមនុស្សធម៌ តែងតែចុះ ជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជានិច្ច មិនថាកាលៈទេសៈណានោះឡើយ ហើយសកម្មភាពមនុស្សធម៌ នេះគឺជាការបង្ហាញនូវទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយគ្នា ក្នុងគ្រាក្រ។ ជាក់ស្តែងដូចថ្ងៃនេះជាដើម លោក ណន ពៅ ប្រធានក្រុមយុវជនមនុស្សធម៌ បានរៃអង្គាស់គ្នា ដើម្បីទិញស័ង្គសីមកផ្តល់ជូនសាលា បន្ទាប់ពីមានការស្នើសុំរបស់លោកគ្រូ អ្នកគ្រូនោះ៕ អត្ថបទ៖ បាន ចក់





