ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
គោលបំណងសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះរួមមាន៖
- ការរឹតបន្តឹងយានយន្តដឹកលើសទម្ងន់៖ កំណត់វិធានការត្រួតពិនិត្យ និងរៀបចំគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
- ការធានាសុវត្ថិភាពចរាចរណ៍៖ ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។
- ការកែសម្រួលទម្ងន់ និងការផាកពិន័យ៖ កែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងបង្កើនពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះរថយន្តដែលល្មើសច្បាប់។
ការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ដែលជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។




