លោក Naim Qassem អគ្គលេខាធិការរបស់ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅពីដកទ័ពចេញពីទឹកដីលីបង់ទាំងស្រុងនោះទេ ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ ត្រូវតែអនុវត្តយ៉ាងពេញលេញ។

លោក Qassem បាននិយាយក្នុងអំឡុងពេលជួបជុំមួយនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតថា៖«គ្មានជម្រើសណាមួយនៅចំពោះមុខអ៊ីស្រាអែលទេ លើកលែងតែការដកទ័ពចេញពីទឹកដីលីបង់ទាំងស្រុងដោយពុំមានសិទ្ធិគ្រប់គ្រងសូម្បីតែមួយមីល្លិម៉ែត្រ ក្រោមលេសណាមួយក៏ដោយ»។

យោងតាមទូរទស្សន៍ក្នុងស្រុក al-Manar លោក Qassem បានបញ្ជាក់ថា ក្រុមហេសបូឡា និងលីបង់បានចូលដល់«ដំណាក់កាលថ្មីមួយ»និងជាអ្វីដែលលោកបានពិពណ៌នាថា ជាការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកម្ចាត់ក្រុមនេះ។
លោកបាននិយាយថា៖«គម្រោងដ៏សំខាន់ដែលមានគោលបំណងបញ្ចប់ក្រុមហេសបូឡាទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ» ដោយអះអាងថា អ៊ីស្រាអែលបានបរាជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួន ទោះបីជាមានសម្ពាធយោធាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ៕