ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រ និងសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថា សាកសពជនអន្តោប្រវេសន៍ចំនួន ១១ នាក់ទៀត បានអណ្តែតឡើងលើច្រាំងនៅឆ្នេរសមុទ្រមួយ ក្នុងទីក្រុងមួយ នៅភាគខាងកើតប្រទេសលីប៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីទូករបស់ពួកគេ បានលិចកាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំនួនសរុបនៃការរកឃើញកើនឡើងដល់ ២៦នាក់ ដោយមានមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន នៅសមុទ្រ។

ប្រភពព័ត៌មានពីកងទ័ពជើងទឹកបាននិយាយថា កាលពីសប្តាហ៍មុន សាកសពជនអន្តោប្រវេសន៍ចំនួន ១៥នាក់ ក្នុងនោះមានក្មេងស្រីម្នាក់ ត្រូវបានរកឃើញពីកន្លែងជាច្រើនតាមបណ្តោយឆ្នេរសមុទ្រនៃទីក្រុង Tobruk ដែលជាទីក្រុងមួយនៅជិតព្រំដែនអេហ្ស៊ីប។ អ្នករស់រានមានជីវិតចំនួន ១០នាក់ ត្រូវបានជួយ សង្គ្រោះ ដែលបាននិយាយថា ទូកនោះបានដឹកមនុស្ស ៦១នាក់។
ប្រភពព័ត៌មានបាននិយាយថា មនុស្សចំនួន ១១នាក់ទៀត ត្រូវបានរកឃើញ ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលដែលសាកសពស្ត្រីម្នាក់ ត្រូវបានរកឃើញ។

ប្រទេសលីប៊ីបានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដោយប្រថុយជីវិតរបស់ពួកគេ ដើម្បីរត់គេចខ្លួនទៅកាន់អឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថា នឹងគេចផុតពីជម្លោះ និងភាពក្រីក្រ៕