អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបញ្ជាក់ពីតម្រូវការក្នុងការបង្កើនផលិតកម្មយោធា និងបំពេញស្តុកគ្រាប់រំសេវ នៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា៖«ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការលើច្បាប់ផ្គត់ផ្គង់ការពារជាតិ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការធ្វើការរួមគ្នា ក្នុងការផលិតបន្ថែមទៀត ពីព្រោះយើងត្រូវបំពេញស្តុករបស់យើង នៅសងខាងនៃមហាសមុទ្រអាត្លង់ទិក»។

លោក Rutte បានកត់សម្គាល់ថា មេដឹកនាំអាមេរិករូបនេះ«ពិតជាកំពុងលើកទឹកចិត្ត» សមាជិកណាតូទាំងអស់ឲ្យបង្កើនការចំណាយយោធា និងបង្កើនផលិតកម្មការពារជាតិ។ លោកបានបន្ថែមថា៖«ខ្ញុំយល់ថា នៅថ្ងៃពុធនេះ លោកនឹងអង្គុយពិភាក្សាជាមួយក្រុមហ៊ុនឧស្សាហកម្មការពារជាតិធំៗ នៅសហរដ្ឋអាមេរិក»។
សារព៏ត៌មាន Bloomberg បានរាយការណ៍នាពេលមុននេះថា រដ្ឋមន្ត្រីកងទ័ពអាមេរិក លោក Daniel Driscoll កំពុងទាមទារឲ្យឧស្សាហកម្មការពារជាតិអភិវឌ្ឍន៍មីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថោកជាងសម្រាប់ប្រព័ន្ធការពារដែនអាកាស ក្នុងរយៈពេលមួយឆ្នាំ។ លោក Driscoll បាននិយាយថា ជម្លោះនៅអ៊ុយក្រែន និងអ៊ីរ៉ង់ បានបង្ហាញពីចំណុចខ្វះខាតនៃប្រព័ន្ធផ្គត់ផ្គង់អាវុធបច្ចុប្បន្ន ដែលពឹងផ្អែកលើមីស៊ីលថ្លៃៗ ដោយបន្ថែមថា គំនិតផ្តួចផ្តើមថ្មីនេះ ក៏ពាក់ព័ន្ធនឹងការបង្កើតបណ្តាញនៃប្រទេសប្រហែល ២៥ ដើម្បីពង្រីកផលិតកម្ម និងសម្រួលដល់ការធ្វើសមាហរណកម្មអាវុធជាមួយកងកម្លាំងអាមេរិក៕