ប្រទេសចិនកំពុងរឹតបន្តឹងយ៉ាងខ្លាំង ចំពោះការដឹកជញ្ជូនរ៉ែសំខាន់ៗមួយចំនួនទៅជប៉ុន ជាការកាត់បន្ថយដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននានា និងជំរុញឲ្យមានការអំពាវនាវទៅលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ឲ្យស្វែងរកការសម្របសម្រួលការទូតជាមួយទីក្រុងប៉េកាំង។

ប្រទេសសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកមួយនេះ បានបញ្ឈប់ការផ្គត់ផ្គង់លោហធាតុតង់ស្ទែនស្ទើរតែទាំងអស់ក្នុងឆ្នាំ២០២៦។ លំហូរមេដែកក្នុងខែឧសភា បានថយចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ នៅពេលដែលការដឹកជញ្ជូនបានធ្លាក់ចុះ ខណៈដែលចិនបានដាក់ចេញប្រព័ន្ធគ្រប់គ្រងការនាំចេញរបស់ខ្លួន នៅទូទាំងពិភពលោក។ ការកាត់បន្ថយទំនិញបានចាប់ផ្តើមបន្ទាប់ពីលោកស្រី Takaichi បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ក្នុងខែវិច្ឆិកាឆ្នាំមុន ដោយការលើកឡើងអំពីតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រង។
ការរឹតបន្តឹងហាក់ដូចជាត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្កការប៉ះពាល់ដល់ជប៉ុន ដោយមិនឲ្យកើនឡើងដល់កម្រិតដែលអាចមានការតបតពីសហរដ្ឋអាមេរិក។ តែបើទោះបីជាវិធានការទាំងនេះមិនសូវធ្ងន់ធ្ងរ ជាងការរឹតបន្តឹងរបស់ចិនដែលបានគំរាមកំហែងដល់ឧស្សាហកម្មជប៉ុនក្នុងឆ្នាំ២០១០ ក៏ដោយ ក៏វាបានបង្ខំឲ្យក្រុមហ៊ុនអស់ស្តុក ហើយប្រញាប់ប្រញាល់ស្វែងរកជម្រើសផ្សេងជំនួស។
កាលពីថ្ងៃទី២២ ខែមិថុនា នៅឯពិព័រណ៍ឧស្សាហកម្មមួយ ក្នុងទីក្រុងប៉េកាំង លោក Masayoshi Matsumoto ប្រធាន និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Sumitomo Electric Industries ដែលជាអ្នកទិញលោហៈធាតុតង់ស្ទែនដ៏ធំមួយនោះ បានប្រាប់សារព័ត៌មាន Bloomberg News ថា៖ «ប្រសិនបើស្ថានភាពនេះនៅតែបន្ត ជាការពិតណាស់ យើងត្រូវចរចាជាមួយរដ្ឋាភិបាលចិន។ ប្រសិនបើយើងត្រូវបានបិទមិនឲ្យទទួលបានដោយប្រទេសចិន វាពិតជានឹងបង្កបញ្ហាដល់ការផលិតរបស់ជប៉ុន»។
យ៉ាងណាក្ដី បើយោងតាមបុគ្គលម្នាក់ដែលដឹងពីការពិភាក្សា បានឲ្យដឹងថា លោកស្រី Takaichi ហាក់មិនចង់មានជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូលមេដឹកនាំនៅខែវិច្ឆិកានេះទេ ដោយសារតែការខកចិត្ត ចំពោះការវាយប្រហារផ្ទាល់ខ្លួន ទៅលើលោកស្រី ទោះបីជាមានការប៉ះពាល់កាន់តែខ្លាំងឡើងៗ ដោយសារការរឹតបន្តឹងការនាំចេញនេះក៏ដោយ៕

