កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ នៃសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សថ្មី ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាវេទិកា Davos រដូវក្តៅ (Summer Davos Forum) បានចាប់ផ្ដើមបើកនៅទីក្រុងឆ្នេរសមុទ្រ Dalian ភាគឦសានប្រទេសចិន នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានប្រមូលផ្តុំអ្នកចូលរួមជាង ១.៧០០នាក់ មកពីប្រទេស និងតំបន់ជាង ៩០ ដើម្បីពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចពិភពលោក នវានុវត្តន៍បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ Xinhua បានឲ្យដឹងថា ការជួបជុំរយៈពេល ៣ថ្ងៃ ដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក កំពុងត្រូវបានធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ក្នុងទ្រង់ទ្រាយធំ» ហើយកើតឡើងនៅពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុននានាទូទាំងពិភពលោក កំពុងតស៊ូជាមួយនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងសក្ដានុពលភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួល។
អំឡុងពេលថ្លែងបើកសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីចិន Li Qiang បាននិយាយថា ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ នៅតែជាមូលដ្ឋានគ្រឹះនៃភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសចិន និងកំណើនប្រកបដោយចីរភាព។
នៅពេលចាប់ផ្តើមនៃផែនការ ៥ឆ្នាំ លើកទី១៥ របស់ប្រទេស ដែលគ្របដណ្តប់ឆ្នាំ២០២៦-២០៣០ លោក Li បាននិយាយថា សេដ្ឋកិច្ចចិនបានបង្ហាញពី «ស្ថិរភាព នវានុវត្តន៍ ភាពខ្លាំងក្លា និងការធ្វើសមាហរណកម្មជាមួយពិភពលោក»។ ជាមួយគ្នានេះ លោកបានចាត់ទុកថា ការសម្រេចបានសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន គឺដោយសារតែបរិយាកាសអភិវឌ្ឍន៍ដ៏ស្ថិរភាព និងការវិនិយោគនវានុវត្តន៍ជាបន្តបន្ទាប់៕
