កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហាគ្រឿងញៀននេះឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបំផុស ដាស់តឿនដល់យុវវ័យ និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ ចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម នឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។ ផ្ទុយទៅវិញ ឯកឧត្តមនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតកុំឱ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងការជួញដូរ ឬបទល្មើសនានាក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។ បើរកឃើញថាពាក់ព័ន្ធនឹងអនុវត្តវិន័យយ៉ាងតឹងរឹងតាមកម្រិតកំហុស ដែលអាចឈានទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចរបស់តុលាការ៕ ដោយ ៖ សីហា






