ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រមុខការទូតរបស់អ៊ីរ៉ង់បាននិយាយជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសទាក់ទងនឹងការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោក Abbas Araghchi បានពិភាក្សាអំពី «ការវិវត្តថ្មីៗ » នៅក្នុងតំបន់ជាមួយលោក Basem Naeem សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍អ៊ីរ៉ង់។

ការសន្ទនានេះ ធ្វើឡើង បន្ទាប់ពីការចុះហត្ថលេខាកាលពីសប្តាហ៍មុននូវអនុស្សរណៈនៃការយោគយល់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់អរិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។
អនុស្សរណៈនៃការយោគយល់នោះ មិនបានលើកឡើងពីតំបន់ហ្កាហ្សាទេ ប៉ុន្តែចែងអំពី «ការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់ទីកន្លែងរួមទាំងនៅលីបង់ផងដែរ»។
ក្រុមហាម៉ាសបានស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយបានសម្តែងក្តីសង្ឃឹមថា វាក៏នឹងជួយបញ្ចប់អំពើហិង្សានៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមជាងពីរឆ្នាំជាមួយអ៊ីស្រាអែល៕
