ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅព្រឹកថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោកបានបញ្ជាឲ្យក្រសួងយុត្តិធម៌ស៊ើបអង្កេតក្រុមហ៊ុនប្រេង ពាក់ព័ន្ធនឹងតម្លៃសាំងឡើងខ្ពស់។
លោក Trump បានលើកឡើងនៅលើវេទិកាពបណ្ដាញសង្គម Truth Social របស់លោកថា៖ «ក្រុមហ៊ុនប្រេងធំៗ មិនបានបញ្ចុះតម្លៃប្រេងរបស់ពួកគេ នៅស្ថានីយប្រេងឥន្ធនៈ ស្របតាមតម្លៃប្រេងចុះទាបយ៉ាងលឿន ដែលពួកគេកំពុងចំណាយនោះទេ។ តម្លៃទាំងនោះកំពុងធ្លាក់ចុះយ៉ាងខ្លាំង! ម្យ៉ាងវិញទៀត អតិថិជនកំពុងត្រូវបានកេងចំណេញ»។

លោកបានបន្ថែមថា៖ «ខ្ញុំបានណែនាំក្រសួងយុត្តិធម៌ឲ្យចាប់ផ្តើមស៊ើបអង្កេតរឿងនេះភ្លាម។ តម្លៃប្រេងសាំង គួរតែចាប់ផ្តើមធ្លាក់ចុះលឿន ជាងអ្វីដែលខ្ញុំកំពុងឃើញ!»។
កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា តម្លៃប្រេងសាំងជាមធ្យមទូទាំងប្រទេស បានធ្លាក់ចុះ ០,៦០ដុល្លារ ក្នុងមួយហ្គាឡុង «ទើបតែមួយរយៈខ្លីប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន តម្លៃប្រេងសាំងជាមធ្យមរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្រោម ៤ដុល្លារ ក្នុងមួយហ្គាឡុងជាលើកដំបូង ចាប់តាំងពីខែមីនា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបញ្ចប់ជម្លោះរបស់ភាគីទាំង២ និងស្តារការដឹកជញ្ជូនឡើងវិញតាមរយៈច្រកសមុទ្រ Hormuz៕
