នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធនេះ បានច្រានចោលការចោទប្រកាន់«អំពើពុករលួយរីករាលដាល»ប្រឆាំងនឹងក្រុមសង្គមនិយមរបស់លោក បន្ទាប់ពីអតីតជំនួយការជាន់ខ្ពស់ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទរឿងអាស្រូវអំពើពុករលួយដែលប្រឈមនឹងការធ្វើឲ្យរដ្ឋាភិបាល នេះដួលរលំ។

ការស៊ើបអង្កេតអំពើពុករលួយជាបន្តបន្ទាប់លើសាច់ញាតិ និងអតីតសម្ព័ន្ធមិត្តនយោបាយសំខាន់ៗ បានធ្វើឲ្យប៉ះពាល់ដល់តំណែងរបស់លោក Sanchez ដែលត្រូវបានគេចាត់ទុកថា ជាវីរបុរសឆ្វេងនិយមសកល ជុំវិញការប៉ះទង្គិចគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអ៊ីស្រាអែល។
តុលាការកំពូលបានកាត់ទោសលោក Jose Luis Abalos អតីតសមាជិកគណបក្សសង្គមនិយមដ៏មានឥទ្ធិពលដែលបានជួយ លោក Sanchez ឲ្យឡើងកាន់អំណាច ក្នុងឆ្នាំ ២០១៨ ឲ្យជាប់ពន្ធនាគារ ២៤ឆ្នាំ កាលពីថ្ងៃចន្ទ ពីបទទទួលបានប្រាក់កម្រៃដ៏ច្រើនសម្រាប់កិច្ចសន្យាទិញឧបករណ៍សុខភាព ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19។
លោក Sanchez ជាអ្នកនយោបាយដ៏ឆ្លាតវៃម្នាក់ ដែលល្បីល្បាញដោយសារការគេចចេញពីជំហរដែលហាក់ដូចជាគ្មានសង្ឃឹម បានទប់ទល់នឹងការចោទប្រកាន់ពីក្រុមប្រឆាំងអភិរក្សនិយម និងស្តាំនិយមជ្រុលថា អំពើពុករលួយជាប្រព័ន្ធ បានគ្របដណ្ដប់លើគណបក្សរបស់លោក៕
