រដ្ឋាភិបាលដាណឺម៉ាក កាលពីថ្ងៃអង្គារ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយទាហានជាប់កំណែនទៅកាន់កោះ Greenland ជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកដែលប្រធានាធិបតីអាមេរិក លោក Donald Trump ចង់បាន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Jeppe Bruus បានឆ្លើយតបទៅនឹងសំណួររបស់សភាថា៖ «ទាហានជាប់កំណែននឹងត្រូវដាក់ពង្រាយរួមជាមួយទាហានអាជីព ហើយនឹងចូលរួមយ៉ាងពេញលេញ នៅក្នុងបេសកកម្មទាំងអស់»។

ប្រព័ន្ធផ្សព្វផ្សាយ TV2 បានរាយការណ៍ថា យោធាកំពុងពិចារណាដាក់ពង្រាយទាហានជាប់កំណែនទៅកាន់ដែនដី Greenland ជាកន្លែងដែលខ្លួនបានពង្រឹងវត្តមាន ដើម្បីឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងនៅជុំវិញកោះ Greenland បន្ទាប់ពីលោក Trump បានបង្កើនការគំរាមកំហែងបញ្ចូលដែនដីរបស់ដាណឺម៉ាកមួយនេះជាឧសម្ព័ន្ធ ដើម្បីការពារសន្តិសុខរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលខែមករា លោកបានដកការគំរាមកំហែងជាច្រើនសប្តាហ៍នេះវិញ ដោយប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ស្ដីពីកោះ Greenland ជាមួយអគ្គលេខាធិការណាតូ តែមិនបានផ្តល់ព័ត៌មានលម្អិតឡើយ៕


