ក្រសួងការបរទេសប៉ាគីស្ថាន នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា កិច្ចចរចាកម្រិតបច្ចេកទេស រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្ដើមឡើងវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានផ្អាកបណ្ដោះអាសន្ន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Tahir Andarabi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖ «កិច្ចចរចាបច្ចេកទេស នឹងចាប់ផ្ដើមឡើងវិញនៅសប្តាហ៍ក្រោយ។ នេះគឺជាការឈប់សម្រាកបន្តិច ហើយកិច្ចចរចានឹងចាប់ផ្ដើមឡើងវិញ»។
យោងតាមលោក Andrabi បានឲ្យដឹងទៀតថា កិច្ចចរចាបច្ចេកទេស ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅដើមសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាជាច្រើនម៉ោង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុង Burgenstock របស់ប្រទេសស្វីស កាលពីថ្ងៃចន្ទ។
លោក Andrabi បានបន្តទៀតថា ក្រុមបច្ចេកទេសមកពីប្រទេសសម្រុះសម្រួល គឺប៉ាគីស្ថាន និងកាតា នឹងបន្តធ្វើការជាមួយសមភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងសប្តាហ៍ខាងមុខ ដើម្បីគាំទ្រដល់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ។
លោកបានបន្ថែមថា MOU ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីសប្តាហ៍មុន និងកិច្ចប្រជុំបន្ទាប់មក នៅស្វីស បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីដោះស្រាយជម្លោះ និងកាត់បន្ថយភាពតានតឹង៕

