នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសបារាំង បានប្រកាសពីករណីជំងឺ Ebola ដែលត្រូវបានបញ្ជាក់ដំបូង នៅលើទឹកដីរបស់ខ្លួន ដោយបុគ្គលត្រូវបានកំណត់អត្តសញ្ញាណថា ជាវេជ្ជបណ្ឌិតម្នាក់ដែលត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាទីដែលកំពុងមានការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងដ៏ធំនៃជំងឺនេះ។
នេះគឺជាករណីដំបូងនៃជំងឺដ៏កំណាចនេះ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅខាងក្រៅទ្វីបអាហ្វ្រិក ក្នុងអំឡុងពេលនៃការផ្ទុះឡើងបច្ចុប្បន្ននេះ ជាជំងឺដែលក៏បានប៉ះពាល់ផងដែរដល់ប្រទេសអ៊ូហ្គង់ដា។ វាក៏ជាលើកដំបូងផងដែរដែលករណីជំងឺអេបូឡាត្រូវបានរកឃើញនៅក្នុងប្រទេសបារាំង។ កាលពីឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺនេះ នៅតំបន់អាហ្វ្រិកខាងលិច អ្នកជំងឺ ២នាក់ ត្រូវបានដឹកបញ្ជូនទៅប្រទេសបារាំង ប៉ុន្តែពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យ នៅបរទេស។
សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ក្រសួងសុខាភិបាល «សូមបញ្ជាក់នៅថ្ងៃនេះ អំពីការកំណត់អត្តសញ្ញាណករណីវិជ្ជមានដំបូងនៃវីរុសជំងឺ Ebola នៅលើទឹកដីជាតិ»។ ដោយត្រូវបានទាក់ទងដោយសារព័ត៌មាន AFP ក្រសួងបានឲ្យដឹងទៀតថា ករណីនេះត្រូវបានកំណត់អត្តសញ្ញាណ នៅដីគោកប្រទេសបារាំង។ ក្រសួងបានបន្ថែមថា វេជ្ជបណ្ឌិតរូបនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅពេលចូលមកដល់ប្រទេសបារាំង សូម្បីតែមុនពេលជំងឺនេះត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវកា។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺ Ebola លើកទី១៧ របស់កុងហ្គោ ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីមានការស្លាប់ជាច្រើនដែលមិនអាចពន្យល់បាន នៅក្នុងខេត្ត Ituri។ វីរុសប្រភេទ Bundibugyo ដែលបង្កឲ្យមានការផ្ទុះឡើងនេះ បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនៅឡើយទេ៕