ភ្លៀងធ្លាក់ខ្លាំងលើកដំបូង បានវាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ របស់ប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បង្កឲ្យមានការជន់លិច និងការអាក់ខានដល់ការធ្វើចរាចរណ៍ ។
ជាទូទៅភ្លៀងវស្សា មកដល់ទីក្រុងម៉ុមបៃនៅសប្តាហ៍ដំបូង ក្នុងខែមិថុនា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះ វាមកដល់យឺតយ៉ាវខ្លាំង ។
ក្រុមអ្នកដំណើរនិយាយថា ការស្ទះលូនៅតែជាបញ្ហាកើតឡើងច្រំដែល បើទោះបីជាមានកិច្ចខិតខំរបស់អាជ្ញាធរស៊ីវិល ដើម្បីធ្វើឲ្យល្អប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធលូរបង្ហូរទឹកក៏ដោយ ។
អ្នកដំណើរមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថា លោកបានមើលឃើញស្ថានភាពបែបនេះ អស់រយៈពេល ២៥ឆ្នាំមកហើយ ។
លោកបន្តថា មិនសំខាន់ថាហេតុផលអ្វីនៅពីក្រោយការស្ទះលូរនោះទេ បញ្ហានៅតែមិនត្រូវបានជួសជុល ។ នេះគ្រាន់តែជាការភ្លៀងធ្លាក់ដំបូងប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ ចុះបើស្ថានភាពនៅតែបន្តបែបនេះទៀត តើរដូវវស្សាទាំងមូលនឹងក្លាយទៅជាយ៉ាងណា?
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បង្កការអាក់ខានទ្រង់ទ្រាយធំដល់អ្នកដំណើរ រំលើងដើមឈើ និងធ្វើឲ្យជន់លិចផ្លូវក្រោមដី នៅទូទាំងទីក្រុងម៉ុមបៃ ៕

