រូបភាពវីដេអូឃ្លីបថតបានដោយសាក្សីកាលពីថ្ងៃអង្គារ ឃើញសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ឃ្មឹកហុយលើទីក្រុង Gimpo របស់កូរ៉េខាងត្បូង ក្រោយអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងកើតហេតុជាមួយអគារនៅជុំវិញ ប្លង់ផ្លូវ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ស្ថានីយពន្លត់អគ្គិភ័យក្រុង Gimpo និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើអ៊ីម៉ែលថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅឃ្លាំងស្តុកសម្លៀកបំពាក់ ស្ថិតក្នុងសង្កាត់ Unyang-dong កាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។
សេចក្តីថ្លែងការណ៍បន្តថា រថយន្តពន្លត់អគ្គិភ័យ ៦៤គ្រឿង និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៦៥នាក់ ត្រូវបានដាក់ពង្រាយទៅពន្លត់អគ្គិភ័យ ដោយមានជំនួយពីឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ៦គ្រឿងផងដែរ ។ ពួកគេបន្តថា ធុរកិច្ចចំនួន ៨ បានរងផលប៉ះពាល់ ដោយសារតែអគ្គិភ័យនេះ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យ និយាយថា ពួកគេនឹងបើកស៊ើបអង្កេតលើមូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះឡើង នៅពេលដែលអណ្តាតភ្លើងត្រូវបានពន្លត់ទាំងស្រុងហើយនោះ ៕

