អគ្គសេនាធិការកងទ័ពចម្រុះ(JCS)របស់ទីក្រុងសេអ៊ូលនិយាយនៅថ្ងៃពុធនេះថា យោធាកូរ៉េខាងត្បូង បានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់នៅជិតព្រំដែនអន្តរកូរ៉េ ។
លោក Jang Do-young គឺជាប្រធានកិច្ចការសាធារណៈរបស់ JCS និយាយថា យោធារបស់ពួកយើង បានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់នៅភាគខាងត្បូងតំបន់គ្មានកងទ័ពកូរ៉េកាលពីយប់មិញ ហើយបច្ចុប្បន្នក្រុមអាជ្ញាធរពាក់ព័ន្ធ កំពុងស៊ើបអង្កេតលើរឿងរ៉ាវលម្អិតមួយនេះ ។
ខណៈពេលនោះដែរ ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង រាយការណ៍ដោយពុំបានលើកពីប្រភពថា ទាហានម្នាក់នេះ បង្ហាញពីបំណងរត់ចោលជួរ ដើម្បីធ្វើដំណើរមកកាន់កូរ៉េខាងត្បូង ។
ពួកគេរាយការណ៍ទៀតថា ការឆ្លងកាត់ព្រំដែនកាលពីយប់មិញ គឺជាករណីរត់ចោលជួរលើកដំបូងក្នុងឆ្នាំ ២០២៦ ។
ពួកគេថា មាននូវករណីចុះបញ្ជីចំនួន ៤លើក ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលរបស់លោកប្រធានាធិបតី Lee Jae Myung កាលពីខែមិថុនា ឆ្នាំមុន ក្នុងនោះ ករណីរត់ចោលស្រុក ២លើក បានកើតឡើងនៅខែកក្កដា ឆ្នាំ ២០២៥ និង ២ករណីទៀត បានកើតឡើងនៅខែតុលា ឆ្នាំដដែលនោះ ៕

