នេះគឺជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលកសិករដំាស្រូនៅក្នុងប្រទេសអ៊ីរ៉ាក់ វិលត្រឡប់មកកាន់វាលស្រែរបស់ពួកគេវិញ គឺជាសញ្ញាមួយថា ទឹកមានឡើងវិញហើយ ។
នៅតំបន់ភាគកណ្តាល Najaf កសិករ Alaa Al Ibrahimi បានវិលត្រឡប់មកដាំស្រូវរបស់លោកឡើងវិញ ក្រោយរយៈពេលច្រើនឆ្នាំនៃគ្រោះរាំងស្ងួត ដែលបង្ខំឲ្យមានការរឹតត្បិតលើដំណាំត្រូវការទឹកច្រើន ដូចជាស្រូវ ។
បច្ចុប្បន្ន ភ្លៀងធ្លាក់ខ្លាំង និងទឹកពេញទន្លេ បានផ្លាស់ប្តូរចក្ខុវិស័យ ធ្វើឲ្យកសិករសាបព្រួសដីស្រែរបស់ពួកគេឡើងវិញ ។
លោក Al Ibrahimi និយាយថា ឆ្នាំនេះ ក្លាយជាចំណុចផ្លាស់ប្តូរមួយ ក្រោយគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ ។
លោកថា រដូវនេះតាមបំណងរបស់ព្រះ ពួកយើងមានភ្លៀងធ្លាក់ ហើយពួកយើងមានសុទិដ្ឋិនិយមច្រើន ។ បច្ចុប្បន្នពួកយើងកំពុងសាបព្រួសពូជស្រូវរបស់ពួកយើង ។
លោក Al Ibrahimi និយាយទៀតថា ក្នុងនាមជាកសិករមួយរូបមានដីស្រែទំហំប្រហែល ២៥ហិចតា លោកពុំបានដាំដុះសូម្បីតែមួយហិចតាកាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះ តាមបំណងរបស់ព្រះ ពួកយើងបានសាបព្រួសស្រូវរួចរាល់អស់ហើយ ៕