ប្រទេសចិនបានលើកឡើងនៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះថា អនុស្សរណៈនៃការយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង’ បានបញ្ជូន «សញ្ញាវិជ្ជមាន» ហើយគួរតែត្រូវបានការពារ និងអនុវត្តរួមគ្នា។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិន «គាំទ្រ» ការសន្ទនា និងការចរចា ដើម្បីដោះស្រាយបញ្ហា ក្នុងតំបន់ និងការខ្វែងគំនិតគ្នា រវាងភាគីនានា ហើយ «ប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង»។
លោកបានបន្ថែមថា ទីក្រុងប៉េកាំង «តែងតែគាំទ្រជំហរយុត្តិធម៌ គាំទ្រកិច្ចប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់សន្តិភាព គាំទ្រភាគីអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ ហើយគាំទ្រអ៊ីរ៉ង់ក្នុងការកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដារដ្ឋឈូងសមុទ្រ និងប្រទេសក្នុងតំបន់»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី១៤ ខែមិថុនាថា ភាគីទាំង២ បានឈានដល់ MOU ចំនួន ១៤ចំណុច ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដោយមានគោលបំណងបញ្ចប់សង្គ្រាម និងដោះស្រាយជម្លោះដែលនៅសេសសល់តាមរយៈការសន្ទនា និងការចរចា។
អនុស្សរណៈនេះ ដែលត្រូវបានគេស្គាល់ថា ជាអនុស្សរណៈនៃការយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ បានចូលជាធរមានកាលពីថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានាធិបតីអាមេរិក លោក Donald Trump៕