បែលហ្ស៊ិកបានចេញការព្រមានអំពីកម្ដៅទូទាំងប្រទេស នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ខណៈដែលរលកកម្ដៅក្ដៅខ្លាំងកំពុងគ្របដណ្ដប់ប្រទេសនេះ ដែលជំរុញឲ្យប្រតិបត្តិករផ្លូវដែកជាតិ SNCB លុបចោលដំណើរការរថភ្លើងប្រហែល ១០០គ្រឿង ក្នុង ១ថ្ងៃ។
ការជូនដំណឹងនេះត្រូវបានដំណើរការ ក្រោមផែនការកម្ដៅជាតិ បន្ទាប់ពីមានកិច្ចប្រជុំ រវាងមជ្ឈមណ្ឌលវិបត្តិជាតិ ក្រសួងសុខាភិបាល វិទ្យាស្ថានឧតុនិយមរាជវង្ស (RMI) និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មាន Belga បានរាយការណ៍ថា ក្រុមហ៊ុន SNCB បានប្រកាសថា រថភ្លើងប្រហែល ១០០គ្រឿង នឹងត្រូវបានផ្អាកជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង។
ប្រតិបត្តិករផ្លូវដែកនេះ បានបញ្ជាក់ថា វិធានការនេះ គឺចាំបាច់ ដើម្បីធានាបាននូវផាសុកភាពរបស់អ្នកដំណើរ និងសុវត្ថិភាពបុគ្គលិក ដោយកត់សម្គាល់ថា រថភ្លើងចាស់ៗមួយចំនួនរបស់ខ្លួន ខ្វះម៉ាស៊ីនត្រជាក់ និងងាយខូចដោយសារកម្ដៅ។
អាជ្ញាធរក៏បានព្រមានផងដែរថា កម្ដៅក្ដៅខុសពីធម្មតាដែលជួបប្រទះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមានសភាពកាន់តែខ្លាំងឡើង និងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃអាទិត្យ។ សីតុណ្ហភាពនៅទូទាំងប្រទេសភាគច្រើន ត្រូវបានគេរំពឹងថា នឹងលើសពី ៣៥អង្សាសេ ចាប់ពីថ្ងៃពុធ ដោយសីតុណ្ហភាពក្ដៅបំផុតឡើងដល់ ៣៨អង្សាសេ នៅថ្ងៃសុក្រ៕