សកម្មជនគាំទ្រប៉ាឡេស្ទីន ៤នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសលីប៊ី កាលពីរយៈពេលប្រហែល ១ខែមុន ត្រូវបានដោះលែងវិញហើយ ។ នេះបើយោងតាមការអះអាងរបស់កងនាវាជំនួយតំបន់ហ្កាហ្សា Global Sumud ។
ពួកគេបាននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា លោក Achraf Khoja មកពីប្រទេសទុយនីស៊ី លោក Matias Rodriguez មកពីប្រទេសអ៊ុយរ៉ាហ្គាយ ហើយលោក Domenico Centrone និងលោក Leonarda Alberizia មកពីអ៊ីតាលី ពួកគេទាំងអស់គ្នា បានធ្វើដំណើរទៅដល់ទីក្រុង Tunis។
ពួកគេបន្តថា សកម្មជន ៦នាក់ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងត្រូវដោះលែងផងដែរ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Antonio Tajani បានស្វាគមន៍ព័ត៌មាននៃការដោះលែងសកម្មជនអ៊ីតាលី ដោយរូបលោកនិយាយថា មនុស្ស ២នាក់ ជាមួយលោក Rodriguez ដែលជាពលរដ្ឋអ៊ីតាលីដែរនោះ ត្រូវបានប្រគល់ជូនស្ថានកុងស៊ុលអ៊ីតាលីប្រចាំនៅទីក្រុង Benghazi ។ ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីវិញនៅថ្ងៃពុធនេះ ។
សូមបញ្ជាក់ថា សកម្មជនជាង ៤០០នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមុន នៅដែនសមុទ្រអន្តរជាតិនៅលើនាវារាប់សិបគ្រឿង ខណៈពេលដែលពួកគេធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដើម្បីបំបែកការឡោមព័ទ្ធរបស់អ៊ីស្រាអែលលើដែនដីតូចចង្អៀតមួយនេះ ៕