នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថា ការចរចាការទូតជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមប្រមូលថ្លៃសេវាឆ្លងកាត់ពីការធ្វើចរាចរណ៍តាមផ្លូវសមុទ្រ នៅច្រកសមុទ្រ Hormuz។
លោក Trump បានអះអាងថា មន្ត្រីអ៊ីរ៉ង់បានធានាដល់ទីក្រុងវ៉ាស៊ីនតោនថា មិនមាន «ការយកថ្លៃឆ្លងកាត់ គ្មានការចំណាយធានារ៉ាប់រង និងគ្មានការគិតថ្លៃផ្សេងទៀតឡើយ» ដែលត្រូវបានស្វែងរក ឬទទួលបានពីនាវាឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។
លោកបានសរសេរនៅលើវេទិកាបណ្ដាញសង្គមរបស់លោកថា «ប្រសិនបើនេះជាព័ត៌មានមិនពិត ការចរចា នឹងបញ្ចប់ភ្លាមមួយរំពេច»។ ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់ម្តងទៀតថា គ្មានសាច់ប្រាក់ណាមួយ នឹងត្រូវបានផ្តល់ដោយផ្ទាល់ទៅឲ្យទីក្រុងតេអេរ៉ង់នោះទេ។
លោកបានបញ្ជាក់ថា ផ្ទុយទៅវិញ ទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់មូលនិធិអ៊ីរ៉ង់ដែលត្រូវបានគ្រប់គ្រង ដើម្បីចំណាយទៅឲ្យកសិករអាមេរិក សម្រាប់ការនាំចេញ ដូចជាពោត និងស្រូវសាលីជាដើម។ លោក Trump បានបន្ថែមថា «ប្រទេសអ៊ីរ៉ង់កំពុងត្រូវការអាហារយ៉ាងខ្លាំង ហើយយើងនឹងទិញវាទាំងស្រុង សម្រាប់ពួកគេ ពីសហរដ្ឋអាមេរិក»៕