ប្រជាពលរដ្ឋ និងប្រជាកសិករនៅតំបន់ជនបទភាគឦសាន Qamishli ប្រទេសស៊ីរី បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដែលបានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលីរបស់ពួកគេ ។
លោក Ahmed Hussein គឺជាកសិករមួយរស់នៅក្នុងតំបន់ជនបទ Qamishli និយាយថា ភ្លើងឆេះព្រៃ បានឆាបឆេះជុំវិញភូមិរបស់ពួកយើង ហើយបច្ចុប្បន្នវាកំពុងរីករាលដាលឆ្ពោះទៅកាន់ទីក្រុង Qamishli ។
លោកបន្តថា ភ្លើងឆេះព្រៃនេះ បានបំផ្លិចបំផ្លាញចម្បើងអស់ប្រហែល ០,៣គ.មក្រឡារួចទៅហើយៗអ្នកស្រុក បានជួបជុំគ្នា ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ ប៉ុន្តែពួកគេមិនអាចគ្រប់គ្រងបាន ឡើយ ដោយសារភ្លើងឆេះព្រៃនេះ ឆាបឆេះខ្លាំងក្លាពេក ។
ភ្លើងឆេះព្រៃ បានកើតមានឡើង ស្របពេលដែលសីតុណ្ហភាពរដូវក្តៅ ហក់ឡើងខ្ពស់ គំរាមកំហែងដល់ការប្រមូលផលសំខាន់ៗដែលក្រុមមន្រ្តីសង្ឃឹមថា នឹងក្លាយជាការជំរុញដ៏សំខាន់មួយសម្រាប់ទិន្នផលកសិកម្មនៅក្នុងតំបន់ ។
លោក Ahmed Jalal Al-Ahmad គឺជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងកសិកម្មស៊ីរី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសស៊ីរី ស្ថិតលើផ្លូវឆ្ពោះទៅរកការប្រមូលផលស្រូវសាលីចន្លោះ ២,៣-២,៥លានតោន ក្នុងឆ្នាំនេះ ដែលជាកំណើនតាមការគ្រោងទុកដ៏ធំធេងមួយពីតួលេខឆ្នាំមុនដែលមានចំនួនត្រឹម ៩០ម៉ឺនតោនប៉ុណ្ណោះ ៕