ប្រតិបត្តិករ Deutsche Bahn និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថភ្លើងនៅទូទាំងប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ឈប់កាលពីយប់ថ្ងៃអង្គារ ដោយសារភាពរអាក់រអួលទូទាំងប្រទេសនៃប្រព័ន្ធវិទ្យុផ្លូវដែកឌីជីថល ។
នៅស្ថានីយរថភ្លើងក្រុង Munich អេក្រង់ព័ត៌មានប្រាប់អ្នកដំណើរមិនត្រូវឡើងជិះរថភ្លើងនោះទេ ជាមួយនឹងសេចក្តីជូនដំណឹងព្រមានពីសេវាកម្មរថភ្លើងរឹតត្បិត និងលទ្ធភាពនៃការពន្យាពេលរយៈពេលយូរ និងការលុបចោលរថភ្លើង ។ អ្នកដំណើរមានអ៊ីវ៉ាន់ បានរង់ចាំនៅតាមចំណតរថភ្លើង និងស្ថានីយរថភ្លើង ។
ក្រុមហ៊ុន Deutsche Bahn ដែលលើកឡើងពីការដាច់ចរន្តអគ្គិសនីធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទំនាក់ទំនងចល័តសកលសម្រាប់ផ្លូវរថភ្លើង(GSM-R) បាននិយាយថា បច្ចុប្បន្នរថភ្លើងទាំងអស់ បានចតនៅតាមស្ថានីយ ។ ពួកគេបន្តថា ក្រុមបច្ចេកទេសរបស់ពួកយើង កំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហាមួយនេះ ។
សូមបញ្ជាក់ថា ប្រព័ន្ធ GSM-R គឺជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់មួយ រវាងអ្នកបើករថភ្លើង និងមជ្ឈមណ្ឌលគ្រប់គ្រងការធ្វើចរាចរណ៍របស់រថភ្លើង ៕