លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់រួម និងកូវ៉ែត កាលពីថ្ងៃពុធ២៤ មិថុនាសប្ដាហ៍នេះ ដោយសន្យាថានឹងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ របស់ពួកគេឡើយ ខណៈលោកបានព្យាយាមធានាដល់សម្ព័ន្ធមិត្តឈូងសមុទ្រ ដែលមានការសង្ស័យចំពោះកិច្ចព្រមព្រៀងត្រូវបានស្នើឡើង ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកាលពីសប្តាហ៍មុន ជាកិច្ចព្រមព្រៀងដំបូងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់ រួមមានមូលនិធិចំនួន៣០០ពាន់លានដុល្លារ ដែលបានស្នើឡើង និងការលើកលែងទណ្ឌកម្មមួយចំនួនសម្រាប់ទីក្រុងតេអេរ៉ង់។

លោក Rubio ទៅមកដល់រដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីយប់ថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ឈូងសមុទ្រដែលសម្បូរដោយប្រេង លោកកំពុងបំពេញបេសកកម្មការទូតកម្រិតខ្ពស់លើកដំបូងរបស់លោក លើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែជាមួយអ៊ីរ៉ង់។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសកូវ៉ែត ជាទីដែលរូបលោកបានឈប់សំចតលើកទីពីររបស់លោក ក្នុងដំណើរទស្សនកិច្ចនេះថា ពួកលោកនឹងមិនធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់សម្ព័ន្ធមិត្តយូរអង្វែងរបស់ពួកលោកនៅក្នុងតំបន់នេះឡើយ។

ក្នុងអំឡុងសង្គ្រាម ទីក្រុងតេអេរ៉ង់បានប្រយុទ្ធជាមួយប្រទេសមហាអំណាចយោធាពីរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយបានគ្រប់គ្រងច្រកសមុទ្រហ័រមូសប្រកបដោយប្រសិទ្ធភាព ជាផ្លូវទឹកដែលការដឹកជញ្ជូនប្រេង និងឧស្ម័នពាណិជ្ជកម្ម ត្រូវបានរំខានយ៉ាងខ្លាំង ធ្វើឱ្យទីផ្សារថាមពល និងសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ៕