ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃពុធ ២៤ មិថុនាសប្ដាហ៍នេះ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់ និងមានរលករញ្ជួយជាបន្តបន្ទាប់ជិត២០ដង បានអង្រួនប្រទេសនេះ ដោយបានធ្វើឲ្យអគារជាច្រើនដួលរលំនៅក្នុងរដ្ឋធានីការ៉ាកាស (Caracas) និងកន្លែងផ្សេងទៀត។

លោកស្រី Rodriguez ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ អមដោយបងប្រុសរបស់លោកស្រី គឺលោក Jorge ប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello បាននិយាយថា លោកស្រីបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ឬចំនួនអ្នករងរបួសនោះទេ។

លោកស្រីបានបន្ថែមថា អាកាសយានដ្ឋាន Simon Bolivar ក្នុងទីក្រុង Maiquetia ជិតរដ្ឋធានី ការ៉ាកាស ត្រូវបានបិទដោយសារតែការខូចខាត។
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីលើកដំបូងមានកម្រិត ៧,១ រ៉ិចទ័រ ហើយប៉ុន្មាននាទីក្រោយមក ការរញ្ជួយដីធំជាងនេះទៅទៀតគឺកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារ ម្ដងទៀត៕
