ភ្នពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋមន្រី្តប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាទីសី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រី្តប្រចាំការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលឯកឧត្តមទទួលបានការតែងតាំងពីរដ្ឋាភិបាលសាធារណរដ្ឋម៉ាល់ឌីវ ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ កម្ពុជា ម៉ាល់ឌីវ មានចំណងការទូតជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៩៥ តាំងពីនោះមក មិនមានទំនាក់ទំនងខាងវិស័យវប្បធម៌នោះទេ។ ដូច្នេះនេះជាលើកដំបូង ដែលសាធារណរដ្ឋម៉ាល់ឌីវ មានបំណងធ្វើកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវ បានចាប់អារម្មណ៍លើតម្បាញសូត្រនៅប្រទេសកម្ពុជា ព្រោះថាម៉ាល់ឌីវសម្បូរទៅដោយវិស័យសិប្បកម្ម។ ដូច្នេះឯកឧត្តម នឹងសិក្សាស្វែងយល់លើតម្បាញសូត្រនេះជាអាទិភាព នឹងត្រូវធ្វើកិច្ចសហប្រតិបតិ្តឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈរួមគ្នានាពេលខាងមុខនេះ រួមជាមួយនិងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ផងដែរ។
ជាការឆ្លើយតបឯកឧត្តម រដ្ឋមន្រី្តប្រចាំការ ស្វាគមន៍ចំពោះអ្វីដែលឯកអគ្គរដ្ឋទូតបានលើកឡើង និងរងចាំទទួលសហការជានិច្ច។
នាឱកាសនោះ ឯកអគ្គរដ្ឋទូត និងរៀបចំឯកសារពាក់ព័ន្ធផ្ញើជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ មុនឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នា ជាពិសេសបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងម៉ាំលើវិស័យវប្បធម៌៕ អត្ថបទ ៖ រដ្ឋា





