ប្រទេសហ្វីលីពីនបានបិទកម្មវិធីហ្គេម Gorebox ជាបណ្ដោះអាសន្ន បន្ទាប់ពីការស៊ើបអង្កេតដំបូងបានរកឃើញថា ជនសង្ស័យវ័យជំទង់ម្នាក់ក្នុងការបាញ់ប្រហារនៅសាលារៀនដ៏កម្រមួយបានលេងហ្គេមនេះ។

សិស្សបីនាក់ត្រូវបានសម្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីជនសង្ស័យពីរនាក់ អាយុ ១៥ និង ១៤ ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានបើកការបាញ់ប្រហារដោយកាំភ្លើងខ្លីនៅក្នុងថ្នាក់រៀនមួយក្នុងទីក្រុង Tacloban ភាគអាគ្នេយ៍នៃទីក្រុងម៉ានីល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

នគរបាលបាននិយាយថា ក្មេងជំទង់អាយុ ១៤ ឆ្នាំរូបនេះគឺជាអ្នកលេង Gorebox ជាហ្គេមមួយដែលអ្នកលេងអាច "បំផ្លាញអ្វីៗគ្រប់យ៉ាងដែលពួកគេចង់" និង "ចូលរួមក្នុងការប្រយុទ្ធដ៏ឃោរឃៅជាមួយនឹងឃ្លាំងអាវុធ និងគ្រឿងផ្ទុះយ៉ាងទូលំទូលាយ" នេះបើយោងតាមបញ្ជី Google Play របស់ខ្លួន។
ទីភ្នាក់ងារសន្តិសុខតាមបច្ចេកវិទ្យារបស់ប្រទេសនេះបាននិយាយថា ពួកគេមិនអាចមិនអើពើនឹងឥទ្ធិពលអនឡាញដែលអាចរួមចំណែកដល់ឧបទ្ទវហេតុសោកនាដកម្មនេះបានទេ។
លោក Aboy Paraiso អនុរដ្ឋលេខាធិការនៅមជ្ឈមណ្ឌលស៊ើបអង្កេត និងសម្របសម្រួលឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា បាននិយាយថា ការបិទហ្គេមជាបណ្ដោះអាសន្ននឹងអនុញ្ញាតឱ្យក្រុមអាជ្ញាធរធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ថាតើវេទិកានេះដើរតួនាទីណាមួយនៅក្នុងសកម្មភាពរបស់ជនសង្ស័យទាំងពីរនាក់នោះដែរឬទេ៕