នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានប្រាប់ឲ្យដឹងថា រញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២លើក ដែលបានអង្រួនរដ្ឋធានីការ៉ាកាស និងតំបន់ផ្សេងទៀតរបស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីល្ងាចថ្ងៃពុធ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣២នាក់ ហើយជាង ៧០០នាក់រងរបួស។
ការរញ្ជួយដីដ៏ធំនេះ បានបណ្តាលឲ្យអគារនៅក្នុងរដ្ឋធានីដួលរលំ និងបង្ខំឲ្យអាកាសយានដ្ឋានដ៏សំខាន់របស់ប្រទេសត្រូវបិទ ខណៈជំរុញឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសផ្តល់ជំនួយ។
នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ លោកស្រី Rodriguez បានបញ្ជាក់ថា៖ «នៅពេលនេះ យើងបានទទួលរបាយការណ៍អំពីអ្នកស្លាប់ចំនួន ៣២នាក់ ហើយជាង ៧០០នាក់បានរងរបួស»។ លោកស្រីបានបន្ថែមថា លោកស្រីមិនទាន់មានទិន្នន័យនៅឡើយទេ អំពី «តំបន់ដែលរងគ្រោះខ្លាំងបំផុត» នៃទីក្រុង La Guaira។
លោកស្រី Rodriguez ឲ្យដឹងទៀតថា រលករញ្ជួយ ឬការរញ្ជួយតូចៗបន្ថែមចំនួន ២០លើក បានកើតឡើងបន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ដដែលនៃប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS)។ យ៉ាងណាក្ដី លោកស្រីបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះ កំពុងរុករកតាមអគារដែលដួលរលំ ហើយក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលរងការខូចខាត។
ហើយបើយោងតាម USGS ដោយប្រើប្រាស់គំរូព្យាករណ៍ ដើម្បីប៉ាន់ប្រមាណចំនួនអ្នកស្លាប់ បានឲ្យដឹងថា អាចនឹងមានអ្នកបាត់បង់ជីវិតរាប់ពាន់នាក់ ដោយប្រូបាប៊ីលីតេលើស ១០.០០០នាក់។ បណ្ដាមេដឹកនាំទូទាំងពិភពលោក បានបង្ហាញការគាំទ្រ ចំពោះប្រទេសវ៉េណេហ្ស៊ុយអេឡា ក្រោយមានគ្រោះរញ្ជួយដីដ៏ធំបំផុត និងខ្លាំងបំផុត ក្នុងរយៈពេលជាង ១២៥ឆ្នាំនេះ៕




